Unordered List

Thursday, June 19, 2014

សំណេរភាសាខ្មែរ

ប្រធាន៖ តាមការសិក្សារឿងមហាវេស្សន្ដរជាតកមានទស្សនះមួយយល់ថា "ការបរិច្ចាគ ទានរបស់ព្រះវេស្សន្ដរបង្កឲ្យមានផលវិបាកច្រើន"។ ប៉ុន្តែក៏មានទស្សនះផ្សេងទៀតយល់ ថា "ការបរិច្ចាគទានរបស់វេស្សន្ដរ ជាសប្បុរសធម៌មួយដ៏ប្រសើរបំផុត"។ តើអ្នកយល់ យ៉ាងណាចំពោះមតិទាំងពីរខាងលើនេះ? ចូរពិភាក្សា។

សេចក្ដីអធិប្បាយ
        ព្រះវេស្សន្ដរជាតួអង្គព្រះពោធិសត្វបានសាងទានបារមី ក្នុងរឿងមហាវេស្សន្ដរជាតក ដើម្បីក្លាយជាព្រះពុទ្ធដែលសម្រេចបាននូវសម្មាសម្ពោធិញ្ញាណ។ ព្រះបានធ្វើការបរិច្ចាគ ទានគ្រប់បែបយ៉ាងទាំងអស់ឲ្យតែមានអ្នកសុំព្រះអង្គ មិនថាជាជីវិត ឬទ្រព្យសម្បត្តិឡើយ។ ដោយពិនិត្យឃើញការធ្វើទានរបស់ព្រះអង្គច្រើនហួសហេតុបែបនេះហើយបានជាមានមតិ មួយពោលថា "ការបរិច្ចាគ ទានរបស់ព្រះវេស្សន្ដរបង្កឲ្យមានផលវិបាកច្រើន"។ ទន្ទឹមនឹង នេះដែរក៏លេចចេញមតិមួយទៀតបានយល់ផ្សេងថា "ការបរិច្ចាគទានរបស់វេស្សន្ដរ ជា សប្បុរសធម៌មួយដ៏ប្រសើរបំផុត"។
        តើមតិទាំងពីរនេះមួយណាសមហេតុសមផលជាង?
        ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបកស្រាយមតិទាំងពីរខាងលើយើងគួរយល់ អត្ថន័យរបស់ពាក្យក្នុងមតិទាំងពីរជាមុនសិន។"ការបរិច្ចាគទាន"មានន័យថាការលះបង់ ទ្រព្យសម្បត្តិ ការចំណាយទ្រព្យសម្បត្តិសម្រាប់ធ្វើទាន។រីឯ"ផលវិបាក"ចង់សំដៅដល់ ផលអាក្រក់ ផលមិនល្អ ផលប៉ះពាល់ ផលដែលធ្វើឲ្យធ្លាក់ចុះ ឬនាំទៅរកភាពអាក្រក់។ "សប្បុរសធម៌"គឺធម៌ដែលធ្វើឲ្យមនុស្សប្រព្រឹត្តិតែអំពើល្អជាកុសល។ដូចនេះមតិទីមួយ មានន័យថា ការលះបង់ទ្រព្យសម្បត្តិ ការចំណាយទ្រព្យសម្បត្តិក្នុងការដាក់ទានរបស់ព្រះ វេស្សន្ដរ គឺបានធ្វើឲ្យមានផលវិបាក ផលប៉ះពាល់ឬផលអាក្រក់ជាច្រើន។ចំណែកមតិទី ពីរ ចង់មានន័យថា ការលះបង់ទ្រព្យសម្បត្តិ ការចំណាយទ្រព្យសម្បត្តិសម្រាប់ធ្វើទាន របស់ព្រះវេស្សន្ដរ គឺជាអំពើល្អ អំពើជាកុសលមួយដែលកំរនឹងមាននរណាម្នាក់ធ្វើបាន ល្អដូចព្រះអង្គណាស់។
        ជាការពិតណាស់ទីមួយដែលថា"ការបរិច្ចាគ ទានរបស់ព្រះវេស្សន្ដរបង្កឲ្យមានផល វិបាកច្រើន" គឺពិតជាត្រឹមត្រូវណាស់។ព្រោះការធ្វើទានរបស់ទ្រង់បានបង្កឲ្យមានផលវិបាក ជាច្រើន ដល់ប្រទេសជាតិ និងគ្រួសារទាំងមួល។ ជាក់ស្តែងនៅពេលដែលព្រះអង្គយក ទ្រព្យសម្បត្តិរបស់នគរទៅធ្វើទាន ព្រះអង្គហាក់មិនបានគិតដល់ចំណុចអវិជ្ជមានមួយ សោះ។ បើការដាក់ទានរបស់ព្រះអង្គច្រើនបែបនេះថ្ងៃណាមួយទ្រព្យសម្បត្តិរបស់នគរ  នឹងត្រូវរីងស្ងួតជាក់ជាមិនខាន។តើនគរ និងប្រជារាស្ត្ររបស់ព្រះអង្គនឹងទៅជាយ៉ាងណា។ ម្យ៉ាងវាក៏ជាចំណែកមួយដែលធ្វើឲ្យចំនួនអ្នកសុំទានបានកើនឡើង ជាហេតុនាំឲ្យកេរ្តិ៍ឈ្មោះ នគរត្រូវអាប់ឪនធ្លាក់ដល់បាតាលជាក់ជាមិនខាន។ មួយទៀតអ្នកសុំទានទាំងអស់នោះនឹង មិនប្រកបរបររកស៊ីអ្វីឡើយ គេចាំទទួលយកទានដែលព្រះវេស្សន្ដរដាក់ជូន។ ពេលនោះ ហើយដែលប្រទេស ត្រូវក្លាយជាប្រទេសទន់ខ្សោយក្រីក្រ។ ផលវិបាកមួយទៀតគឺចំពោះ គ្រួសាររបស់ព្រអង្គនេះតែម្ដង។ ជាឧទាហរណ៍ក្រោយពីពេល ព្រះអង្គដាក់ទានដំរីបច្ច័យ នាគដល់នគរក្លឹងរាស្ត្រ ប្រជាជនស្រីពិរាស្ត្រមានការខឹងសម្បារចំពោះព្រះអង្គយ៉ាងខ្លាំង ជា ហេតុនាំឲ្យព្រះមាតាបិតារបស់ព្រះអង្គមានការលំបាកជាមួយដែរ។ មួយទៀតព្រះអង្គបាន នាំទុក្ខដល់អ្នកមិនដឹងអីដូចជា នាងមទ្រីនិងបុត្រទាំងពីររបស់ទ្រង់ទៀត។ ជាក់ស្តែងគ្រួសារ ត្រូវភៀសខ្លួនទៅរស់នៅក្នុងព្រៃដាច់ពីមនុស្សម្នាឯទៀត។ ក្នុងដំណើរចូលទៅក្នុងព្រៃ ព្រះវេស្សន្ដរបានដាក់ទានសេះ និងរាជរថដល់ព្រាហ្មណ៍ពីរនាក់។ ជាលទ្ធផលកូនទាំងពីរ និងនាងមេទ្រីត្រូវដើរកាត់ខ្សាច់ដ៏ក្ដៅរហូតមានពងបែកនៅនឹងជើងទៀត។ ការដាក់ទាន ជារបស់ទ្រព្យមិនអស់ចិត្ត បែរជាយកកូនរបស់ខ្លួនយកមកធ្វើជាទានដល់តាជូជក់ទៀត ហើយត្រូវតាព្រាហ្មណ៍វាយនឹងរំពាត់យ៉ាងឈឺចាប់បំផុត។ ចំណែកនាងមេទ្រីពីបាត់បុត្រ ទាំងពីរក្នុងទ្រូងស្ទើរធ្លាយដើមទ្រូងស្ទើរប្រេះជាពីរ។ សួរថានេះមិនមែនជាផលវិបាកដែល បានមកពីការដាក់ទានរបស់ព្រះអង្គទេឬ?ទាំងអស់នេះសុទ្ធសឹងមកពីការធ្វើទានរបស់ ព្រះវេស្សន្ដរទាំងអស់។
        សរុបសេចក្ដីមក ការធ្វើទានពិតជាគ្មានបានលទ្ធផលអ្វីចំណេញទេ តែបែរជាធ្វើឲ្យ គ្រួសារ និងប្រទេសជាតិមានបញ្ហាទៅវិញ៊
        តើការបរិច្ចាគទានរបស់ព្រះវេស្សន្ដរពិតជាបានធ្វើឲ្យគ្រួសារ និងប្រទេសជាតិមាន បញ្ហាឬយ៉ាងណា?
        ទន្ទឹមនឹងមានមតិទីមួយខាងលើ ក៏មានលេចចេញមតិទីពីរមួយទៀតយល់ថា  "ការបរិច្ចាគទានរបស់វេស្សន្ដរ ជាសប្បុរសធម៌មួយដ៏ប្រសើរបំផុត"។ ជាការពិតណាស់ ការធ្វើទានរបស់ព្រះវេស្សន្ដរពីតជាអំពើដ៏ល្អមួយមែន។ បើយើងពិនិត្យឲ្យបានច្បាស់ លាស់នូវគោលបំណង់របស់ព្រះវេស្សន្ដរគឺមិនដូចដែលមតិទីមួយលើកឡើងនោះទេ។ ការធ្វើទានរបស់ព្រះអង្គមានតែជួយដល់ប្រទេសជាតិ គ្រួសារទៅវិញទេ។ ជាក់ស្តែងពេល ដែលព្រះអង្គបានដាក់ទានដល់ប្រជារាស្ត្រនៃនគរស្រីពិរាស្ត្រ គឺបានធ្វើឲ្យប្រជាពលរដ្ឋជា ច្រើននាក់ បានចាកផុតពីសេចក្ដីស្រេកឃ្លាន និងសេចក្ដីស្លាប់។ បើគ្មានការដាក់ទានរបស់ ព្រះវេស្សន្ដរនោះទេប្រជារាស្ត្រជាច្រើននឹងត្រូវស្លាប់ជាក់ជាមិនខាន ហើយជាដើមហេតុធ្វើ ឲ្យនគរធ្លាក់ក្នុងភាពអន្តរាយផងដែរ។ ចំពោះការដាក់ទានបច្ច័យនាគដល់ប្រជារាស្ត្រអ្នក ក្លឹងរាស្ត្រ ក៏បានជួយសង្គ្រោះមនុស្សឲ្យរួចផុតពីសេចក្ដីស្លាប់ផងដែរ។ យើងដឹងហើយថា នគរក្លឹងរាស្ត្រនាពេលនោះត្រូវទទួលរងនូវគ្រោះទុរភិក្សរាំងស្ងួតគ្មានភ្លៀង។ ឯដំរី បច្ច័យនាគជាដំរីសក្ដិសិទ្ធ។ ដំរីនេះមានវត្តមាននៅទីណា ទីនោះនឹងមានភាពត្រជាក់ត្រជុំ មានភ្លៀងធ្លាក់គ្រប់គ្រាន់។ ដោយហេតុនេះហើយទើបព្រះវេស្សន្ដរបានដាក់ទានដល់ អ្នក ក្លឹងរាស្ត្រ ឲ្យរួចផុតពីសេចក្ដីស្លាប់បែបនេះ។ សំណួរសួរវិញផងដែរថា បើសិនព្រះវេស្សន្ដរ មិនបានដាក់ទានដល់អ្នកស្រីពិរាស្ត្រ និងដំរីដល់អ្នកក្លឹងរាស្ត្រទេ តើនឹងមានមនុស្សប៉ុន្មាន នាក់ដែលត្រូវស្លាប់? ប្រាកដជាមួយនគរមិនខាន។ ហើយការដាក់ទាននេះផងដែរក៏បាន ធ្វើ ឲ្យគ្រួសារបានរួចចាកផុតពីសេចក្ដីទុក្ខលំបាក។ ជាការពិតនោះការដាក់ទានកូនដល់ តាជូជក់គឺក្នុងគោលបំណងឲ្យតាជូជក់យកកូនរបស់ទ្រង់ទៅជូនមាតាបិតារបស់ព្រះអង្គនា ជេត្តរនគរ។ ចំណុចមួយទៀតដែលពិសេសជាងនេះទៅទៀតនោះ គឺគោលបំណងចំបង របស់ព្រះអង្គផ្ទាល់ ព្រះអង្គសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង មិនថាទ្រព្យសម្បត្តិ កូន ប្រពន្ធ និងអាយុរបស់ព្រះអង្គ គឺក្នុងន័យសាងបុណ្យបារមីដើម្បីសម្រេចបានសម្មាសម្ពោធិញ្ញាណ។ ក្រោយទ្រង់បានសម្រេច ទ្រង់នឹងអាចជួយមនុស្សលើផែនដីឲ្យរួចផុតពីសេចក្ដីទុក្ខកង្វល់ បានគ្រប់ៗគ្នាជាក់ជាមិនខាន។ ជាក់ស្ដែងក្រោយពេលព្រះអង្គបានសម្រេចបំណង ប្រជារាស្ត្រ និងគ្រួសាររបស់ទ្រង់បានដឹងពីគុណបំណាច់របស់ព្រះអង្គគ្រប់ៗគ្នា។
        សរុបសេចក្ដីមក ការដាក់ទានរបស់ព្រះវេស្សន្ដរពិតជាអំពើដ៏ល្អកម្ររកបានមែន។
        បើយើងធ្វើការពិនិត្យលើមតិទាំងពីរសុទ្ធតែសមហេតុសមផលដូចគ្នា។ តែទោះបី ជាយ៉ាងណាក៏ដោយមតិទីមួយហាក់មើលឃើញមិនបានគ្រប់ជ្រុងជ្រោយលើគោលគំនិត នៃការដាក់ទានរបស់ព្រះវេស្សន្ដរទេ។ ការដាក់ទានរបស់ព្រះអង្គគឺជាអំពើល្អមួយដែល កម្រនឹងរកបុគ្គលណាធ្វើបានដូចទ្រង់ឡើយ ហើយការធ្វើទាននេះ ទៀតសោតក៏មានការ ទទួលស្គាល់ជាលក្ខណះសាកលលោកផង។ ចំណុចនេះវាសមស្របទៅនឹងមតិទីពីរដែល បានលើកឡើង។
        ឆ្លងតាមការពិភាក្សាវែកញែកខាងលើ យើងអាចធ្វើការសន្និដ្ឋានបានថាមតិទីមួយ មិនទាន់ត្រឹមត្រូវទេ។ចំណែកមតិទីពីរទើបត្រឹមត្រូវព្រោះវាបានបង្ហាញពីគុណធម៌សកល។ដូចនេះក្នុងនាមមនុស្សដូចគ្នាត្រូវចេះជួយគ្នាទៅវិញទៅមក ក្នុងពេលមានអាសន្នអន់ក្រ ទាំងឡាយផ្សេងៗ ដែលបានកើតឡើង ។

0 comments:

Post a Comment